អបអរសាទរ! បុគ្គលិកវិស័យឯកជន នឹងមានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការរដ្ឋដែរហើយ

​​​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​អនុវត្ត​នូវ​របប​សោធន​និវត្ត​សម្រាប់​វិស័យ​ឯកជន គឺ​គ្រោង​នឹង​ដាក់​ឲ្យ​អនុវត្ត​​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ជាវ ប៊ុនរិទ្ធ អ្នក​នាំ​ពាក្យ​បេឡា​ជាតិ និង​របប​សន្តិសុខ​សង្គម។

លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡា​ជាតិ និង​របប​សន្តិសុខ​សង្គម

មូល​ហេតុ​អំពី​ការ​ពន្យារ​ពេល​រហូត​ដល់​ឆ្នាំ​២០១៩ គឺ​ដោយ​មូលហេតុ​ក្រុម​ការងារ​បច្ចេកទេស​​ ត្រូវ​សិក្សា​ស្រាវជ្រាវ​ពី​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ក៏​ដូចជា​ប្រទេស​នៅ​អាស៊ាន​ ពិសេស​គឺ​សមាគម​សន្តិសុខ​សង្គម ដើម្បី​សិក្សា​ពី​យន្តការ​ប្រទេស​ដែល​គេ​បាន​ដើរ​ជោគជ័យ។ ទន្ទឹម​នឹង​នេះ ក៏​ត្រូវ​សិក្សា​អំពី​ប្រទេស​មួយ​ចំនួន​ដែល​គេ​បាន​ដើរ​ទៅ​មិន​សូវ​ជោគជ័យ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​ទៅ​ជួប​បញ្ហា​ប្រឈម។ ដូច្នេះ​ហើយ​ទើប​ប្រាក់​សោធន​និវត្តន៍​សម្រាប់​វិស័យ​ឯកជន​ ដែល​​គ្រោង​ដាក់​ឲ្យ​អនុវត្តន៍​នៅ​ចុង​ឆ្នាំ​២០១៧ ត្រូវ​លើក​ពេល។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ របស់​លោក ជាវ ប៊ុនរិទ្ធ។

អ្នក​នាំ​ពាក្យ​បេឡា​ជាតិ និង​របប​សន្តិសុខ​សង្គម ប្រាប់​ថា ប្រាក់​សោធន​និវត្តន៍​ក្នុង​​វិស័យ​ឯកជន​នេះ គ្រោង​ដាក់​ដំណើរ​ការ​ ឲ្យ​ដូចគ្នា​នឹង​មន្ត្រី​រាជការ​​ដែរ​។

  • ចំណុច​ទី១ ការ​កំណត់​អំពី​អាយុ​ចូល​និវត្តន៍​

អនុលោម​ទៅ​តាម​ច្បាប់​របប​សន្តិសុខ​សង្គម​គឺ​កំណត់ ៥៥​ឆ្នាំ​ ប៉ុន្តែ​កម្មករ​និយោជិក​​អាយុ ៥៥​ឆ្នាំ​នៅ​មាន​ថាមពល មាន​ន័យ​ថា នៅ​មាន​កម្លាំង​ដើម្បី​បម្រើ​ការងារ។ ដូច្នេះ(​បសស) គ្រោង​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ ឲ្យ​​បុគ្គលិក​វិស័យ​ឯកជន កម្មករ​កម្មការិនី​ចូល​និវត្តន៍​ត្រឹម​អាយុ​៦០​ឆ្នាំ​ដូច​មន្ត្រី​រាជការ​ដែរ។

  • ចំណុច​ទី​២ ពាក់ព័ន្ធ​នឹង​អតីតភាព​ការងារ

ចំពោះ​​មន្ត្រី​រាជការ​គឺ​កំណត់​ត្រឹម​៣០​ឆ្នាំ ហើយ​កម្មករ​និយោជិក​ក្នុង​វិស័យ​ឯកជន​ក៏​គ្រោង​៣០​ឆ្នាំ​ដូចគ្នា។

  • ចំណុច​ទី៣ លក្ខខណ្ឌ​ត្រូវ​ចូលនិវត្តន៍

កាន់​តែ​ពិសេស​លក្ខខណ្ឌ​ការ​ចូល​និវត្តន៍​ របស់​កម្មករ​និយោជិក​ដែល​មាន​បញ្ហា​កាយ​សម្បទា​វិជ្ជាជីវៈ ឫ​មាន​ជំងឺ​មិន​អាច​បន្ត​ការងារ​តទៅ​ទៀត​បាន​ក៏​អាច​​អនុញ្ញាត​ឲ្យ​​ចូល​និវត្តន៍ និង​ទទួល​បាន​របប​សោធន​និវត្តន៍​នេះ។

  • ចំណុច​ទី៤ អំពី​ការ​ផ្ទេរ​ការងារ​ពី​រដ្ឋ​ទៅ​ឯកជន ពី​ឯកជន​ទៅ​រដ្ឋ

​ប្រសិន​បើ​បច្ចុប្បន្ន​​បម្រើ​ការងារ​ក្នុង​វិស័យ​រដ្ឋ ហើយ​ផ្ទេរ​ទៅ​ឯកជន​ក៏​ត្រូវ​បូក​អតីតភាព​ការងារ​ជូន​ហើយ​បើ​ធ្វើ​ការ​ក្នុង​វិស័យ​ឯកជន​ត្រូវ​ផ្ទេរ​ទៅ​រដ្ឋ​ក៏​ត្រូវ​បូក​អតីតភាព​ការងារ​ជូន​។

លោក ជាវ ប៊ុនរិទ្ធ បន្ត​ទៀត​ថា កាន់​តែ​ពិសេស​បំផុត ​ពលករ​ដែល​ទៅ​បម្រើ​ការងារ​នៅ​ក្រៅប្រទេស​ ក៏​ត្រូវ​គិតគូរ​ពី​បញ្ហា​ប្រាក់​សោធន​និវត្តន៍​នេះ​ដែរ។ មាន​ន័យ​ថា ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស​ក៏​មាន​ប្រាក់​សោធន​និវត្តន៍ តាម​រយៈ​ការ​ផ្ទេរ​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​កាន់​ប្រទេស​នោះ។ ដោយ​ឡែក​កម្មករ​បរទេស​នៅ​ប្រទេស​កម្ពុជា ក៏​មាន​ប្រាក់​សោធន​និវត្តន៍​ពី​រដ្ឋាភិបាល​របស់​ប្រទេស​គេ​ដូច​គ្នា តាម​រយៈ​ការ​ដោះដូរ​ទិន្នន័យ និង​ផ្ទេរ​ថវិកា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​ប្រទេស​ពីរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay