ការ​ប្រឹង​ទប់​នោម ​រយៈពេល​យូរ នឹង​មានគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរអ្វីខ្លះ?

ការ​ទៅ​បន្ទប់​ទឹក ជា​រឿង​ធម្មតា ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​ជា​ដាច់​ខាត ដើម្បី​បញ្ចេញ​ចោល​នូវ​កាក​សំណល់​ដែល​រាងកាយ​មិន​ត្រូវការ។ យ៉ាង​ណា​មិញ ដោយ​សារ​តែ​ភាព​ខ្មាសអៀន និង​មមាញឹក​ខ្លាំង​ពេក មនុស្ស​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ព្យាយាម​អត់ ឬ​ទប់​ការ​បញ្ចេញ​ចោល​របស់​រាងកាយ​ទៅ​វិញ ជា​ពិសេស​គឺ​ប្រឹង​ទប់​នោម​តែ​ម្ដង។

ការ​ប្រឹង​ទប់​នោម ក្នុង​រយៈពេល​យូរ នឹង​ផ្ដល់​ជា​ផល​វិបាក​ជា​ច្រើន​ចំពោះ​សុខភាព។ នេះ​ក៏​ដោយសារ​តែ​វត្តមាន​ដ៏​យូរ​ពេក​របស់​មេរោគ ដែល​ស្ថិត​នៅ​ក្នុង​ប្លោក​នោម។ ទង្វើ​ញឹកញាប់​នេះ នឹង​បង្ក​ឲ្យ​កើត​មាន​ជំងឺ​ដូចជា៖

១) ក្រួស​ក្នុង​តម្រង់​នោម

នេះ​ជា​ប្រភេទ​ជំងឺ​ម្យ៉ាង ដែល​កើត​ឡើង​ដោយសារ​តែ​ការ​លើស​ជាតិ​សូដ្យូម ឬ​កាល់ស្យូម នៅ​ក្នុង​តម្រង់​នោម។ បើ​កាលណា​ជាតិ​សូដ្យូម ឬ​កាល់ស្យូម ដែល​មាន​ចំនួន​ច្រើន​លើស​កំណត់ មិន​បាន​បញ្ចេញ​ចោល​តាម​រយៈ​ការ​បង្ហូរ​នោម​នោះ​ទេ វា​នឹង​បង្ក​បង្កើត​ខ្លួន​ជា​ដុំ​ក្រួស​តូចៗ ហើយ​បណ្ដាល​ឲ្យ​មាន​អាការៈ​ឈឺ​ចាប់​ខ្លាំង​សឹង​តែ​ទ្រាំ​មិន​បាន ពេល​ឈឺ​នោម​ម្ដង។

២) រលាក​ប្លោក​នោម

បញ្ហា​នេះ ច្រើន​កើត​ចំពោះ​ស្ត្រី ហើយ​អាការៈ​នៃ​ការ​រលាក​ប្លោក​នោម មាន​ដូចជា ឈឺ​ចាប់​ឆ្អឹង​អាង​ត្រគាក ឬ​ក្រហាយ​ឈឺ​តិចៗ ពេល​ឈឺ​នោម​ម្ដងៗ។

៣) ហើម​ប្លោក​នោម

ប្លោក​នោម ជា​មធ្យម អាច​ផ្ទុក​សារធាតុ​រាវ​បាន​ចំនួន ០,៤៤​លីត្រ។ ប្រសិន​បើ​អ្នក​ផឹក​ទឹក​ច្រើន​ក្នុង​១ថ្ងៃ ហើយ​មិន​ព្រម​បញ្ចេញ​ចោល​ទាន់​ពេល នោះ​ប្លោក​នោម​នឹង​រីក​ធំ​ជាង​ធម្មតា ហើយ​បណ្ដាល​ឲ្យ​ហើម​ប្លោក​នោម​ជា​មិន​ខាន។

៤) បញ្ហា​ផ្សេងៗ

គ្រុន​ក្ដៅ ស្រៀវស្រាញ​ក្នុង​ខ្លួន ឈឺ​ក្រពះ រមួល​ក្រពើ និង​ថប់​អារម្មណ៍ ជា​ដើម៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay