ក្នុងចំណោមជាង៨០ប្រទេស តើកម្ពុជា​ជាប់លេខប៉ុន្មានក្នុងការនាំ​ចេញ​អង្ករ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស?

បច្ចុប្បន្ន​​កម្ពុជា ​កំពុង​ឈរ​លេខ​រៀង​ទី​១០ ​ផ្នែក​ការ​នាំចេញ​អង្ករ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ក្នុង​ចំណោម​ប្រទេស​ប្រមាណ​ជាង​៨០ ​នៅ​លើ​ពិភពលោក ​ខណៈ​ប្រទេស​ឥណ្ឌា​ ស្ថិត​នៅ​លេខ​១ ថៃ​លេខ​២ និង​អាមេរិក​លេខ​៣។​ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​នាយករង​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ​(CARDI)​។

​នៅ​ក្នុង​ទិវា​ច្រូតស្រូវ​លើក​ទី​១៤ ដែល​មាន​គោលបំណង​រំឭក​គុណ​ស្រូវ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា (CARDI) ​លោក សេង វ៉ាង នាយករង វិទ្យាស្ថាន មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ពិភពលោក​មាន​ផ្ទៃដី​ដាំ​ដំណាំ​ស្រូវ​ចំនួន​ប្រមាណ​ ១៦០​លាន​ហិកតា ហើយ​ការ​ប្រមូល​ផល​ស្រូវ​បាន ៤៨៤​លាន​តោន។ ​នៅ​ប្រទេស​តំបន់​អាស៊ី ប្រមូល​បាន ២១០​លាន​តោន ស្មើ​នឹង​ជិត ៥០​ភាគរយ ហើយ​តម្រូវការ​ប្រជាជន​មាន​ប្រមាណ ៤៧៥​លាន​តោន ក្នុង​នោះ​ប្រទេស​ចិន​មាន​ចំនួន​ច្រើន​ជាង​គេ រហូត​ដល់​ ១៤៦​លាន​តោន ក្នុង​មួយឆ្នាំៗ បើ​គិត​ជា​តម្លៃ​នៃ​ការ​នាំ​អង្ករ​របស់​ពិភពលោក​ទាំង​មូល​ក្នុង​មួយឆ្នាំៗ ដែល​នាំ​ចេញពី​ប្រទេស​ផលិត ស្រូវ មាន​តម្លៃ​ប្រមាណ ២០​ពាន់​លាន​ដុល្លារ។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​១១​ខែ ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​នាំ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ចំនួន ៥៦​ម៉ឺន ២​ពាន់​តោន ក្នុង​នោះ នាំ​ទៅ​ប្រទេស​ចិន​មាន ២៩​ភាគរយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay

error: Content is protected !!