ខ្ចីលុយធនាគារ១ម៉ឺនដុល្លារ មកដាំផ្កាអ័រគីដេ ជាលទ្ធផលរកចំណូលបានជិត១លានដុល្លារ/ឆ្នាំ

អតីតនិស្សិតកសិកម្មជនជាតិវៀតណាម លោក Phan Thanh Sang វ័យ៣៣ ឆ្នាំ ជាមនុស្សជាប់ចិត្តស្រឡាញ់ផ្កាអ័រគីដេ និងស្រឡាញ់ផ្នែកកសិកម្មលើការដាំដុះ បានសម្រេចចិត្តចាប់ផ្តើមអាជីវកម្មដាំផ្កាអ័រគីដេ រកចំណូលបានជិត១លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។​

កសិករវ័យក្មេងពោពេញដោយគំនិតច្នៃប្រឌិតរូបនេះ បានចាប់ផ្តើមអាជីវកម្មដាំផ្កាអ័រគីដេរបស់ខ្លួនជាលើកដំបូង ខណៈពេលដែលរូបលោកនៅជានិស្សិតកំពុងសិក្សាជំនាញកសិកម្មនៅឯសកលវិទ្យាល័យ Da Lat University ក្នុងអំឡុងឆ្នាំ២០០៦។

ដើម្បីឲ្យលេចជាអាជីវកម្មដែលខ្លួនពេញចិត្ត និងដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួន លោក Phan Thanh Sang បានសម្រេចចិត្តខ្ចីបុលធនាគារប្រមាណ ៨៧៨០ដុល្លារ (២០០លានដុង) ដើម្បីចំណាយសម្រាប់ការរៀបចំបន្ទប់ពិសោធន៍លើគ្រាប់ពូជ និងការដាំដុះផ្កាអ័រគីដេនេះ។

លោក Phan Thanh Sang បានហែលឆ្លងកាត់បទពិសោធន៍បរាជ័យជាច្រើនលើកច្រើនសារ និងជាច្រើនឆ្នាំ ដែលបណ្តាលមកពីបញ្ហាអាកាសធាតុ ទីតាំង ពូជផ្កា និងបច្ចេកទេសក្នុងដាំដុះនៅមានកម្រិត ដែលធ្វើឲ្យគាត់ត្រូវបោះខាត មិនអាចរកឃើញប្រាក់ចំណេញបាន ប៉ុន្តែដោយចិត្តក្លាហាន មិនព្រមចុះចាញ់ មិនអស់សង្ឃឹម និងមានការជឿជាក់លើខ្លួនឯងចង់សម្រេចការងារនេះឲ្យបានជាផ្លែផ្កា ទើបនៅទីបំផុតលោកក៏ទទួលបានជោគជ័យ។

បច្ចុប្បន្ន អាជីវកម្មនេះអាចឲ្យលោករកចំណូលបានប្រមាណជិត១លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដែលមានបុគ្គលិកបម្រើការងារប្រមាណជាង ៦០នាក់ឯណោះ។

ម្ចាស់អាជីវកម្ម និងជាកសិករវ័យក្មេងរូបនេះ បានប្រសាសន៍ឲ្យដឹងថា លោកគ្រោងនឹងពង្រីកការដាំដុះរបស់ខ្លួនបន្ថែមទៀត ក្នុងគោលបំណងនាំចេញទៅលក់ទូទាំងពិភពលោកនាពេលអនាគត។

Phan Thanh Sang “ខ្ញុំចេញរកស៊ី ព្រោះតែចង់បង្កើតការងារឲ្យប្រជាជនក្រីក្រជនបទរបស់ខ្ញុំ ដើម្បីឲ្យពួកគេមានជីវកម្មធូរស្រាលប៉ុណ្ណោះ”៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ business-cambodia