ក្តៅៗ! បងប្អូនដែលចង់ធ្វើប្រហុក ផ្អក និង​ត្រីឆ្អើរ សូមមកទិញត្រីចាប់ពីថ្ងៃសុក្រស្អែកនេះតទៅ

ចាប់​ពីថ្ងៃសុក្រ​ទី២២ ដល់​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ត្រីនឹង​ចាប់ផ្តើម​ត្រូវ​ជា​លើកទី១ ដែល​រដ្ឋបាល​ជលផល បានប្រកាស​ជូនដំណឹង​ដល់ប្រជា​ពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និងខេត្តកណ្តាល ត្រៀម​ធ្វើប្រហុក ផ្អក និង​ត្រីឆ្អើរ។ ត្រីចាប់​ផ្តើមត្រូវ​ច្រើន នៅតាម​បណ្តា​គន្លងដាយ តាមដង​ទន្លេសាប។

រដ្ឋបាល​ជលផល បានបញ្ជាក់ក្នុងសេចក្តីជូន​ដំណឹងថា រដូវធ្វើ​ប្រហុកផ្អក លើកទី ១ នឹងចាប់​ផ្តើមពីថ្ងៃទី ២២ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ និងរដូវ​ធ្វើប្រហុកផ្អក លើកទី២ នឹងចាប់ផ្តើម​ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ប្រសិន​បើមេឃ​ស្រឡះល្អ និងមិនមាន​ភ្លៀង​កក់ខែ។

រដ្ឋបាលជលផល បានអំពាវដល់បង​ប្អូនប្រជាពលរដ្ឋ ដែលមាន​បំណងធ្វើប្រហុក​ផ្អក ត្រីឆ្អើរ.. សម្រាប់​ទុកបរិភោគ​ប្រចាំឆ្នាំ អញ្ជើញ​ទៅទិញត្រី​ឱ្យបាន​រស់រាន់ នៅចុងសប្តាហ៍នេះ និងនៅចុងខែ​មករា នៅតាម​ដាយត្រី តាមដង​ទន្លេសាប។

រដ្ឋបាល​ជលផល ក៏បានអំពាវនាវ​ដល់អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​គ្រប់ជាន់​ថ្នាក់ សូមបង្កលក្ខណៈងាយស្រួល​ជូនដល់​ប្រជាពលរដ្ឋ ដែលបាន​ធ្វើដំណើរ​ទៅមក ស្នាក់នៅ និងដឹក​ជញ្ជូន​ផលិតផល​ត្រី ដើម្បីកុំឱ្យ​មានការ​រាំងស្ទះដោយ​ប្រការ​ណាមួយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay