កូនខ្មែរត្រូវដឹង! មានប្រាសាទបុរាណរាប់ពាន់ឆ្នាំមួយ ដែលរចនាបទស្រដៀងនឹងអង្គរវត្ត​

បន្ទាយសំរែ ជាប្រាសាទតូចតែមានរចនាបថស្រដៀងនឹងប្រាសាទអង្គរវត្ត ហើយប្រាសាទ​នេះ​ ស្ថិត​នៅ​ខាង​កើត​បារាយណ៍យ​សោធរតដាក (បារាយណ៍​ខាងកើត) ប្រហែល២០០ម៉ែត្រ និង​មាន​ចម្ងាយ​ប្រហែល​២គីឡូម៉ែត្រ​ពី​ភូមិ​ប្រដាក។ នេះ​បើ​តាម​ឯកសារ​របស់​អាជ្ញាធរជាតិ​អប្សរា។

ប្រាសាទ​បន្ទាយ​សំរែ​ស្ថិត​នៅ​ក្នុង​រចនាបថអង្គរវត្ត ស្ថាបនា​ឡើង​ក្នុង​សម័យ​ដំណាល​គ្នា​នឹង​ប្រាសាទ​អង្គរវត្ត​ដែរ ពោល​គឺ​នៅ​ពាក់​កណ្តាល​ទី១នៃសវទី១២ ក្នុង​រាជ្យ​ព្រះបាទ​សូរ្យវរ្ម័នទី២ (១១១៣-១១៥០) ដើម្បី​ឧទ្ទិស​ដល់​ព្រះនារាយណ៍​នៃ​ព្រហ្មញ្ញសាសនា។

ទម្រង់​ស្ថាបត្យកម្ម​ នៃ​ប្រាសាទ​នេះ​មាន​រាង​ស្ទើរ​ជា​បួនជ្រុង ហ៊ុមព័ទ្ធ​ដោយ​កំពែងថ្ម​បាយ​ក្រៀម​ពីរ​ជាន់ ដោយ​មាន​ប្រាង្គ​កណ្តាល​មួយ និង​ហោ​ត្រៃ​ពីរ​នៅ​ឈម​មុខ​នឹងប្រាង្គកណ្តាល។ ទម្រង់​ប្លង់​ស្ថាបត្យកម្ម និង​ក្បាច់​ចម្លាក់​ប្លែក​ពី​ប្រាសាទ​អង្គរវត្ត លើក​លែង​តែ​ប្រាង្គ​កណ្តាល និង​បង្កាន់​ដៃ​នាគ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​នឹង​ប្រាសាទ​អង្គរវត្ត។

តាំងពីឆ្នាំ១៩៣០មក សាលា​បារាំង​ចុងបូព៌ា​ប្រទេស​បាន​ចូល​ទៅ​ត្រួសត្រាយ​សម្អាតផ្លូវ និង​បរិវេណ​ជុំវិញ​ប្រាសាទ​នេះ។ នៅចន្លោះឆ្នាំ១៩៣៦-១៩៤៤ បុរាណ​ដ្ឋាន​បន្ទាយ​សំរែ​ទទួល​បាន​ការ​ទល់ទ្រ និង​ពង្រឹង​ដោយ​ផ្នែក​ខ្លះ។ កិច្ច​គាំពារ និង​អភិរក្ស​នៅ​សម័យនោះ បាន​ប្រើ​សម្ភារៈ​ដែក​សម្រាប់​ធ្វើ​ជា​ស្នូល​ដែក​ទាម និង​ប្រើ​បេតុង​សម្រាប់​ជាជើងទម្រ។ល។

ចាប់ពីឆ្នាំ២០១៥មកទល់នឹងបច្ចុប្បន្ន ក្រុម​អភិរក្ស​ថ្ម​នៃ​អាជ្ញាធរជាតិអប្សរា បាន​ធ្វើ​ការ​ជួសជុល​និង​ថែរក្សា​បង្កាន់​ដៃ​នាគ និង​ផ្តែរ​ចំនួនពីរនៅតួប៉មកណ្តាល។ កិច្ចការ​ជួសជុល​នេះ​ធ្វើឡើង​ដោយ​អ្នក​ជំនាញ​ខ្មែរ​សុទ្ធ ដែល​ទទួល​បាន​ការ​បណ្តុះបណ្តាល និង​បទ​ពិសោធន៍​ការងារ​ពី​ស្ថាប័ន​អន្តរជាតិ​ដូចជា​ GACP របស់​អាឡឺម៉ង់​ជាដើម៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay