អត្ថបទកំពុងកក្រើក! អតីត​ពលករ​នៅ​កូរ៉េ ឡេង ណាវ៉ាត្រា ឡើង​ងារ​ជា “ឧកញ៉ា”

ថ្មី​ៗ​នេះ ព័ត៌មាន​ពី​លោក ឡេង ណាវ៉ាត្រា អតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ កំពុង​សាយ​ភាយ​នៅ​លើ​ហ្វេសប៊ុក បន្ទាប់​ពី​លោក ហេង ឡុង បាន​បញ្ចេញ​សារ​លើ​បណ្ដាញ​សង្គម​ដោយ​ហៅ​លោក ណាវ៉ាត្រា ថា ឧកញ៉ា ណាវ៉ាត្រា។

លោក ហេង ឡុង បាន​សរសេរ​ថា “អបអរ​សាទរ​សមាគម​អតីត​ពលករ​ខ្មែរ​មក​ពី​កូរ៉េ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​១០​លាន​រៀល​ពី​ឧកញ៉ា ឡេង ណាវ៉ាត្រា”។ ក្រោយ​ពី​ឃើញ​សារ​នេះ ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម​បាន​ចូល​មក Comment សួរ​ថា តើ​អតីត​ពលករ​រូប​នេះ ក្លាយ​ជា​ឧកញ៉ា​មែន​ឬ? ឯ​ខ្លះ​ទៀត ក៏​ចូល​មក​អបអរ​សាទរ​ផង​ដែរ។

បន្ថែម​ពី​លើ​នេះ សាមី​ខ្លួន​លោក ណាវ៉ាត្រា ក៏​បាន​ចូល​រួម​ចែកចាយ​សារ​របស់​លោក ហេង ឡុង បន្ត ដោយ​ភ្ជាប់​ជាមួយ​សារ​ថា “ខ្ញុំ​កើត​ចេញ​ពី​ពលករ​ខ្ញុំ​មិន​អាច​បំភ្លេច​អតីត​កាល​បាន​ទេ ខ្ញុំ​នឹង​ចួល​រួម​លើក​ស្ទួយ​ពលករ​នឹង​បង្កើត​ឱកាស​អោយ​ពលករ​តាម​អ្វី​ដែល​អាច​ធ្វើ​បាន”។ សារ​របស់​សាមី​ខ្លួន​ក៏​បាន​ការ​សាទរ​បន្ថែម​ពី​មិត្តភ័ក្ដិ ដោយ​ខ្លះ​បាន​លើក​ឡើង​ថា ណាវ៉ាត្រា មិន​ដែល​កប់​ចោល​អតីតកាល​ខ្លួន​ឯង បើ​ទោះ​ពេល​នេះ លោក​ខ្ពស់​មុខ​ខ្ពស់​មាត់ មាន​លុយ​រាប់​លាន​ដុល្លារ​ក្នុង​ដៃ​ក៏​ដោយ។

ពាក់​ព័ន្ធ​បញ្ហា​ខាងលើ​ដែល​ថា អតីត​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ក្លាយ​ជា​ឧកញ៉ា​នា​ពេល​បច្ចុប្បន្ន​នេះ​មែន​ឬ​មិន​មែន? សាមី​ខ្លួន​បាន​ឆ្លើយ​ប្រាប់ Sabay ថា ជា​ការ​ពិត​ លោក​ថា លោក​បាន​ដំណើរ​ការ​ឯកសារ​ពាក់​ព័ន្ធ​នឹង​ងារ​ខាង​លើ​មែន ដោយ​ឯកសារ​នានា​បាន​​បញ្ជូន​ទៅ​ផ្នែក​ពាក់​ព័ន្ធ​អស់​ហើយ។

“បាទបង ឯកសារ​បាន​បញ្ជូន​ទៅ​អស់​ហើយ ហើយ​មេ​ៗ បាន​ឃើញ​អស់​ហើយ​ដែរ ចាំ​តែ​ថ្ងៃ​ធ្លាក់​មក​ទេ។ ហើយ​មិត្ត​ភក្ដិក៏​ហៅ​ថា ឧកញ៉ាៗ​តែ​ម្ដង(សើច)”។

បើ​ទោះ​បែប​នេះ​ក្ដី លោក ណាវ៉ាត្រា ឲ្យ​ដឹង​ថា ​ឯកឧត្តម ហ៊ុន ម៉ាណែត ក៏​បាន​ប្រកាស​ងារ​លោក​​ជា “ឧកញ៉ា” ក្នុង​ថ្ងៃ​ខួបក្នុងពិធីគម្រប់ខួប១០ឆ្នាំ នៃ​ប្រព័ន្ធ​អនុញ្ញាត​មុខ​របរ​​នៅ​កម្ពុជា និង​ពិធី​ជប់​លៀង​បំណាច់​ឆ្នាំ​​​​​របស់ក្រសួង​ការ​ងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​ដែរ ដោយ​ធ្វើ​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ច្រើន។

​បន្ទាប់​ពី​ផ្លាស់​ខ្លួន​ពី​ពលករ មក​ជា​អ្នក​ជំនួញ​រាប់​លាន​ដុល្លារ គេ​បាន​ឃើញ លោក ណាវ៉ាត្រា ​ជា​រឿយ បាន​ធ្វើ​ការងារ​ជា​ច្រើន​រួម​ចំណែក​ជួយ​សង្គម ជាក់​ស្ដែង​លោក​ទើប​តែ​ធ្វើ​ផ្លូវ​ក្រោយ​ផ្សារ​កាណាឌីយ៉ា សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ អស់​ទឹក​ប្រាក់​ប្រមាណ​ជាង ២០ម៉ឺន​ដុល្លារ​ដែរ។ ក្រៅ​ពី​នេះ ក៏​បាន​ជួយ​ឧបត្ថម្ភ​កាកបាទ​ក្រហម និង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ដែរ៕

 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay